ក្រសួងការបរទេសកម្ពុជា បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-បង់ក្លាដែស នៅទីក្រុងដាក្កា

11:02 2020/03/05

កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-បង់ក្លាដែសលើកទី១ ត្រូវបានរៀបចំឡើង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅទីក្រុងដាក្កា ប្រទេសបង់ក្លាដែស។ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក អឹមឌី ហ្សារៀរ អាឡាម សមាជិកសភា អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។

ក្រសួងការបរទេសកម្ពុជា បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-បង់ក្លាដែស នៅទីក្រុងដាក្កា
ទិដ្ឋភាពនៃកិច្ចប្រជុំនេះ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ដែលឆ្លុះបញ្ចាំងពីស្មារតីរួមដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរបានលើកអំពីការវិវត្តនៃស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសង្គមនាពេលបច្ចុប្បន្ន និងទិសដៅរបស់ប្រទេសរៀងៗខ្លួន និងបានកត់សម្គាល់ដោយការពេញចិត្តអំពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ពីមានការផ្លាស់ប្តូរទស្សនកិច្ចរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងបង់ក្លាដែស។

ភាគីទាំងពីរបានឯកភាពអនុវត្តឲ្យបានពេញលេញគ្រប់កិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានចុះហត្ថលេខាដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយនិងបន្តរក្សាឲ្យមានជាទៀងទាត់នូវដំណើរទស្សនកិច្ចជាន់ខ្ពស់ និងការប្រាស្រ័យទាក់ទងគ្នារវាងក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ។

ភាគីទាំង ពីរមានទស្សនៈស្របគ្នាថា ការដាក់ឈ្មោះផ្លូវនៅតំបន់លេចធ្លោមួយក្នុងទីក្រុងដាក្កា និងក្នុងរាជធានីភ្នំពេញ តាមព្រះនាមរបស់ ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិកម្ពុជា និងតាមនាមរបស់បិតាជាតិបង់ក្លាដែស បង់ហ្គាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ មានអត្ថន័យដ៏សំខាន់សម្រាប់ការពង្រឹងចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងបង់ក្លាដែសបន្ថែមទៀត៕

ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia
;

同类别新闻